ផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ
Cambodia News/
ភ្នំពេញ៖ ផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ។
នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ជាអាជ្ញាធរខណ្ឌ កងកម្លាំងនិងមន្ទីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១២ មិថុនានេះនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានលើកឡើងថា៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះបានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានបន្តថា៖ ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street)នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី«GALAXY »អ្នកឧកញ៉ាឡេងណាវាត្រា,ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ,ស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌា និងស្ថានទូតប្រទេសម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕