ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី៖ ពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ីឆ្នាំ២០២៥» នឹងពង្រីកបន្ថែម ទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី
Cambodia News/
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ីឆ្នាំ២០២៥» នឹងជួយពង្រឹងបន្ថែមនូវសក្តានុពល និងទំហំពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូណេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ពិព័រណ៍ពិព័រណ៍ពាណិជ្ជកម្ម «សួស្ដីឥណ្ឌូណេស៊ីឆ្នាំ២០២៥» មានទំហំធំជាងឆ្នាំមុន និងអ្នកចូលរួមច្រើនជាងមុន ដោយឆ្នាំ២០២៥នេះ ជាលើកទី២ ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ ខណៈវិស័យពាណិជ្ជកម្ម ការដោះដូរទំនិញរវាងឥណ្ឌូណេស៊ី និងកម្ពុជានៅតែរឹងមាំ។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្ម«សួស្ដីឥណ្ឌូណេស៊ី២០២៥» នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមិថុនា ខាងមុខនេះ ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ហើយនឹងមានការបង្ហាញអំពីសកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និងជាការបើកឱកាសសម្រាប់វិនិយោគិនឥណ្ឌូណេស៊ីមកជួបពិភាក្សាជាមួយភាគីកម្ពុជា៕


