អត្រាស្លាប់របស់មាតា និងទារកនៅកម្ពុជានៅមានកម្រិតខ្ពស់នៅឡើយ
Cambodia News
ដោយ៖ ហេង នាង
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលកំពុងធ្វើការងារទាក់ទងសុខភាពមាតា និងទារក បានឱ្យដឹងថាបើប្រៀបធៀបជាមួយ បណ្ដាប្រទេសនៅក្នុងតំបន់ អត្រាស្លាប់របស់ម្ដាយ និងទារក នៅក្នុងប្រទេសកម្ពុជានៅមានកម្រិតខ្ពស់នៅឡើយ ។
ក្នុងពិធីកាត់ខ្សែបូ សម្ពោធឱ្យប្រើប្រាស់ស្ថានីយផលិតទឹកស្អាត និងបន្ទប់រង់ចាំនៅមុនពេល និងក្រោយសម្រាលកូននៅមណ្ឌល សុខភាព ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១០ កញ្ញា ២០១២លោក ហ្វ្លីន ហ្វូល្លឺ ប្រធានបេសកកម្ម USAID បាន ឱ្យដឹងថា អត្រាស្លាប់របស់មាតា និងទារក ក្នុងពេលសម្រាលនៅមានកម្រិត បណ្ដាលមកពីការសម្រាលកូនខ្លះនៅក្រៅមន្ទីរ ពេទ្យជំនាញ និងសុខភាពរបស់ម្ដាយទន់ខ្សោយជាដើម។
លោក ហ្វ្លីន ហ្វូល្លឺ បានបញ្ជាក់ថា អត្រាកង្វះ អាហារូបត្ថម្ភសារជាតិមីក្រូ នៅតែជាបញ្ហាចម្បងសម្រាប់សុខភាពសាធារណៈ។ ចំពោះអត្រាក្រិន ភាពស្គមស្គាំងមិនគ្រប់ទម្ងន់ ដែលតែងតែកើតឡើងចំពោះកុមារនៅឡើយ។ បើទោះបីជាការបំបៅដោះកូន ដោយទឹកដោះម្ដាយតែមួយមុខគត់ មានអត្រាកើនឡើងក៏ដោយ។
អ្នកស្រី ចាន់ ធារី ជានាយិកាអង្គការ រ៉ាឆា បានលើកឡងថា មូលហេតុដែលធ្វើឱ្យម្ដាយស្លាប់ ភាគច្រើនគឺធ្លាក់ឈាមខ្លាំងនៅ ក្រោយពេលសម្រាលកូន ដែលអាចបណ្ដាលមកពីម្ដាយមានជំងឺហើម ជំងឺលើសឈាម និងជំងឺទឹកនោមប្រៃជាដើម។ចំណែក ស្ត្រីមួយចំនួនទៀត ដែលរំលូតកូន ដោយមិនបានទៅរកសេវាពីគ្រូពេទ្យជំនាញត្រឹមត្រូវ ក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ផងដែរ។
ការស្រាវជ្រាវវេជ្ជសាស្ត្រ បានឱ្យដឹងថា កម្ពុជាកាលពីអំឡុងឆ្នាំ២០០៥ អត្រាស្លាប់របស់ម្ដាយនៅពេលសម្រាលកូនមានតួលេខ ខ្ពស់ គឺស្ត្រីប្រមាណជាង៤៧០នាក់បានស្លាប់ នៅក្នុងចំណោមស្ត្រីផ្ដល់កំណើត១.០០០នាក់។ ប៉ុន្តែមកដល់ឆ្នាំ២០១០ អត្រាស្លាប់ របស់ម្ដាយនៅពេលសម្រាលកូន បានថយចុះប្រមាណ៥៦ភាគរយ គឺស្ត្រីប្រមាណតែជាង២០០នាក់ប៉ុណ្ណោះបានស្លាប់នៅក្នុង ចំណោមស្ត្រី១.០០០នាក់ដែល ផ្ដល់កំណើត៕