ទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ នៅសាលាបឋមសិក្សាជម្ពូវ័ន

ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានអញ្ជើញចូលរួម​ជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤ – ២០២៥ និងទិវាគុណគ្រូ ០៥តុលា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សាលាបឋមសិក្សាជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានអគារសិក្សាចំនួន ១០ខ្នង ស្មើនឹង ៤៣បន្ទប់ មានបុគ្គលិកសិក្សាចំនួន ៦៤នាក់ ស្រី ៤៨នាក់ និងមានសិស្សសរុបចំនួន ៣៤៤៨នាក់ ស្រី ១៦១៧នាក់ ស្មើនិង ៥៥ថ្នាក់ ចែកចេញជាពីរប្រភេទ៖ ១. ថ្នាក់សមាហរណ្ឌកម្ម (សិស្សខ្សោយសតិបញ្ញា) មានចំនួន ១៤នាក់ ស្រី០៥នាក់។ ២.សិស្សបឋមសិក្សាមានចំនួន ៣៤៤៨នាក់ ស្រី១៦៥៩នាក់ ស្មើនឹង ៥៥ថ្នាក់, សិស្សជាប់មធ្យមភាគត្រូវបានឡើងថ្នាក់ចំនួន ៣.៤៤៨នាក់ ស្មើនឹង ៩៨.៦៣% ស្រី ១.៦១៥នាក់ ស្មើនឹង៩៦.៤៤% ក្នុងនោះសិស្សថ្នាក់ទី៦ ឆ្លងភូមិសិក្សាទៅរៀននៅអនុវិទ្យាល័យមានចំនួន ៥៩៤នាក់ ស្មើនឹង៩៧.១២%ស្រី ៣០៥នាក់ស្មើនឹង ៩៨.៣៨%។

ក្នុងឱកាសនោះ លោក យិន គា អភិបាលរងខណ្ឌពោធ៌សែនជ័យ បានអានសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយ ទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានមានប្រសាសន៍ថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណា ត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួន ជាកូនល្អ សិស្សល្អ និងមិត្តល្អសំខាន់ជាងនេះទៅទៀត ត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យសិស្សានុសិស្ស ទាំងអស់ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេស គឺត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ ហើយក៏អំពាវនាវឱ្យយុវជនទាំងអស់ ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភព នៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ ។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹកចំណេះដឹង មួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា ការរៀនសូត្រ មិនមែនរៀនលំៗយករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្តក្នុងការរៀនសូត្រ ក្រេបយកចំណេះដឹង និងចំណេះធ្វើឱ្យបានច្បាស់លាស់ ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុខ ។

ឯកឧត្តម កែវ រ៉េមី បានបន្តថា សិស្សណាដែលទទួលបាន ពិន្ទុល្អ និងជាប់​ចំណាត់​ថ្នាក់ខ្ពស់ ក្នុងពេលប្រលង គឺជាការខិតខំរបស់សិស្សនោះហើយ ដែលព្យាយាម នឹងតស៊ូក្នុងការប្រឹងរៀនសូត្រ ហើយការប្រឹងប្រែង នៅពេលនេះ គឺជាចំណេះដឹង​ដ៏ប្រសើរមួយសម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ទៅថ្ងៃអនាគត និងដើម្បី ប្រើប្រាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិទាំងមូល ឱ្យសមទៅនឹងសុភាសិតខ្មែរថា «ទំពាំងស្នងឬស្សី» ៕

Related Articles

Back to top button
Close
Close