លទ្ធផល​ជំនួប​រវាង ​ឯកឧត្តម​ កែវ រ៉េមី ​ទេសរដ្ឋមន្រ្តី ​ជា​មួយ​លោក​ស្រី ​Roueida El Hage តំណាង​ការិយាល័យ​ OHCHR ​ប្រចាំ​កម្ពុជា​

Cambodia News/

ភ្នំពេញ៖ ​ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage តំណាងប្រចាំប្រទេស នៃ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។

កិច្ចប្រជុំនេះបានផ្តោតលើលិខិតស្រាយបំភ្លឺ របស់ គ.ស.ម.ក. ដែលធ្វើការបដិសេដចំពោះសេចក្តីថ្លែងការណ៍របស់អង្គការ ASEAN Paliamentarians for Human Rights (APHR) និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងអង្គភាពទាំង២ នាពេលបច្ចុប្បន្ន និងអនាគត។

នៅក្នុងឱកាសជួបពិភាក្សា​នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺមកពីអាជ្ញាធរបានរកឃើញភស្ដុតាងជាក់លាក់ ដូចជា កាំភ្លើងកែច្នៃ ដ្រូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ ដទៃជាច្រើនទៀត។

​ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅក្នុងសង្គមកម្ពុជា អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួន និងបន្តនីតិវិធីស្របតាមច្បាប់កម្ពុជា និងចាត់វិធានការរដ្ឋបាលផ្សេងៗ លើបុគ្គលចំនួន១៨៨នាក់ ដូចជាការពន្យល់ណែនាំ ការផ្ដល់ព័ត៌មានពិត និងទុកចិត្តបាន ហើយឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីមាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ព្រមទាំង មាត្រា១៩ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែល បង្ហាញថា សិទ្ធិទាំងនេះ គឺមិនមែនជាសិទ្ធិដាច់ខាតនោះទេ ដោយមានការលើកលែង ដើម្បីរក្សាការពារ សន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងកិច្ចជំនួបនេះដែរ លោកស្រី Roueida El Hage បានបញ្ជាក់ពីជំហរក្នុងការផ្តល់ការគាំទ្ររបស់ OHCHR ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាស្តីពី “ការពង្រឹងការគាំពារសង្គម”។ លោកស្រី ក៏បានសាកសួរពីបច្ចុប្បន្នភាពរបស់សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីគម្រោងសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការដំឡើងចំនួនឆ្នាំអាណត្តិ របស់ OHCHR ប្រចាំកម្ពុជា ពី២ឆ្នាំ ទៅ៥ឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គ.ស.ម.ក. បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិ សិទ្ធិមនុស្ស ទៅទីស្តីការគណៈរដ្ឋមន្រ្តីរួចរាល់ហើយ និងបានប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់លើទម្រង់ នៃសេចក្តីព្រាងច្បាប់នេះ។ ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា លើ “ការពង្រឹងការគាំពារសង្គម” រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីពង្រឹងការគាំពារសង្គម។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងពី គម្រោងរត់ម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងបានអញ្ជើញ OHCHR ចូលរួមផងដែរ៕

Related Articles

Back to top button
Close
Close