ចម្ការស្តរប៊ើរី នៅរមណីយដ្ឋានបូកគោរបស់ជនជាតិកូរ៉េ កំពុងទទួលបានផ្លែផ្កា និងទាក់ទាញអ្នកទេសចរ

Cambodia News/

កំពត ៖ គិតរហូតមកដល់ពេលនេះចម្ការស្តរប៊ើរី របស់ជនជាតិកូរ៉េកំពុងទទួលបានផ្លែផ្កា ពិសេសអាចបេះលក់ទៅកាន់ទីផ្សារ និងលក់ឱ្យភ្ញៀវទេសចរទៅកម្សាន្ត នៅលើភ្នំបូកគោទៀតផង។

ស្តរប៊ើរី ជាដំណាំនៅបរទេស ដែលកាលពីមុនមក គេគិតថាមិនអាចដាំដុះបាននោះទេ តែពេលនេះត្រូវបានជនជាតិកូរ៉េសាកល្បងដាំលើឧទ្យានជាតិបូកគោ ក្នុងទឹកដីខេត្តកំពត ដែលជាទឹកដីអាកាសធាតុត្រជាក់បានហុចជាផ្លែផ្កាគ្រាន់ជាទីគាប់បំណង។ ស្តរប៊ើរី បានចេញផ្លែ ហើយគេបានបេះលក់ទៅកាន់ទីផ្សារ ក៏ដូចជាភ្ញៀវទេសចរផងដែរ។ សម្រាប់ សីតុណ្ហភាពនៅលើភ្នំបូកគោពេលថ្ងៃត្រឹមតែ២៤ ទៅ២៥អង្សាសេទេ និងយប់ធ្លាក់ ចុះប្រមាណ១៥អង្សារ ទើបអំណោយផលក្នុងការលូតលាស់របស់ដំណាំស្តរប៊ើរី។

ទាក់ទិនក្នុងរឿងនេះ លោកតារា ដែលមានឈ្មោះជាភាសាកូរ៉េហៅថា ឈីហ៊ូ ជនជាតិកូរ៉េ ជាប្រធានផ្នែកលក់ និងអ្នកបច្ចេកទេសប្រចាំចម្ការស្តរប៊ើរីនៅលើ ភ្នំបូកគោបានឱ្យដឹងថា ចម្ការមួយនេះ ចាប់ផ្តើមដាំតាំងតែពីខែមេសា ឆ្នាំ២០២៤ ដែលគិតមកដល់ពេលនេះ១ឆ្នាំមួយខែហើយ។ បច្ចុប្បន្នការដាំដើមស្តរប៊ើរី ក្រៅពីលក់ឱ្យភ្ញៀវទេសចរហើយ ជាធម្មតាគេនៅប្រមូល ផ្គត់ផ្គង់ទៅលក់នៅ តាមភោជនីយដ្ឋាន និងសណ្ឋាគារលើភ្នំបូកគោផង។ សម្រាប់តម្លៃស្តរប៊ើរីក្នុង មួយគីឡូក្រាមគឺ២៥ដុល្លារ។

បច្ចុប្បន្ននេះ ការវិនិយោគដាំដំណាំស្តរប៊ើរីចាប់ផ្តើមអាចទប់ទល់បាន ហើយពោលគឺលែងខាត ហើយក៏មិនចំណេញដែរ។ សម្រាប់នៅថ្ងៃខាងមុខ លោកនឹងពង្រីកការដាំបន្ថែមទៀត នឹងអាចរកប្រាក់ចំណេញបានហើយ។

បុរសជនជាតិកូរ៉េរូបនេះបានឱ្យដឹងថា បើគេគិតពីរស់ជាតិផ្លែស្តរប៊ើរីដាំ នៅលើភ្នំបូកគោគឺនៅចាញ់ពីការនាំចូលកូរ៉េបន្តិចបន្តួចពោលគឺបានប្រមាណ៧៥ទៅ៨០ភាគរយ។ រសជាតិស្តរប៊ើរីនៅកម្ពុជាមានរស់ជាតិជូអែម។ សម្រាប់រសជាតិស្តរប៊ើរី ដែលឆ្ងាញ់គឺក្នុងអំឡុងអាកាសធាតុត្រជាក់ចាប់ពីខែ១១ ដល់ខែ២ តែឈានដល់រដូវក្តៅ រសជាតិរបស់វានឹងធ្លាក់ចុះ ដោយមានរសជាតិជាតិជូរច្រើន។

បុរសរូបនេះបន្តថា ក្នុងចំណោមដី១ហិកតាក្នុងចម្ការ មួយនេះ លោកទើបតែដាំបានជិតកន្លះហិកតាដោយប្រើវិធីដាំលើធ្នើ ក្នុងរោងដែលជាវិធីដាំ សម័យថ្មីទទួលបាននូវទិន្នផលខ្ពស់។

រីឯ អ្នកស្រីកើតស្រីល័ក្ខ បុគ្គលិកអ្នកដាំដុះ និងថែទាំដើមស្តរប៊ើរីនៅ ចម្ការនេះបានប្រាប់ថា ស្តរប៊ើរីជាដំណាំមួយបើប្រៀបធៀបគឺពិកបាកថែទាំ ជាងដំណាំរបស់ខ្មែរយើង។ ដំដាំនេះហុចផ្លែច្រើនគួរសម បើគិតចាប់តាំងពីផ្កា រហូតផ្លែទុំប្រើពេលជិតមួយខែ។ សម្រាប់អាយុរបស់ដើមស្តរប៊ើរីប្រមាណទៅ៨ខែទៅ១ឆ្នាំ។

អ្នកស្រីបន្តថា សម្រាប់ភ្ញៀវទេសចរចង់ចូលកម្សាន្តចំការស្តរប៊ើរីគឺ សម្រាប់អ្នកកក់ទុកមុនគឺភ្ញៀវ២នាក់ តម្លៃ៥ពាន់រៀល តែបើភ្ញៀវមិនបានកក់ គឺម្នាក់៤ពាន់រៀល។សម្រាប់ភ្ញៀវកក់ គឺអាចបេះផ្លែស្តរប៊ើរីខ្លួនឯងបានក្នុង ១គីឡូក្រាម តម្លៃ២៥ដុល្លារ តែបើភ្ញៀវមិនបានកក់ទេ គឺមិនអនុញ្ញាតឱ្យបេះដោយខ្លួនឯងឡើយ។

សូមជ​ម្រាបជូនថា មានជនជាតិកូរ៉េមួយក្រុមបានសាកល្បងដាំដើម ស្តរប៊ើរីក្នុងរយៈពេលជាងមួយឆ្នាំមកនេះ កំពុងទទួលជោគជ័យ និងអាចលក់ ផ្លែស្តរប៊ើរីក្នុងមួយថ្ងៃចាប់ពី១៥ ទៅជិត២០គីឡូក្រាម។

គួរបញ្ជាក់ថា ការដាំស្តរប៊ើរីនៅលើភ្នំបូកគោនេះគេបានដាំលើធ្នើ ហើយដោយប្រើស្រកីដូងយកទៅកិនប្រើជំនួសដី និងប្រើតំណក់ទឹកជី សម្រាប់ចិញ្ចឹមដើមស្តរប៊ើរី។ ចំពោះផ្លែស្តរប៊ើរីដែលដើម ធំល្អនឹងផ្តល់ផ្លែពេញៗជារៀងរាល់ខែ។ ចំពោះផ្លែទុំគេសម្គាល់ក្រហមខ្លាំង និងខាងលើជាប់ទងមានពណ៌សប្រមាណ១០ភាគរយ គឺយើងអាចបេះមក បរិភោគបានហើយ។ ផ្លែស្តរប៊ើរីផ្តល់វីតាមីច្រើនមុខដែលផ្តល់ផលយ៉ាងល្អសម្រាប់សុខភាព ហើយវាគេអាចកែច្នៃធ្វើជាគ្រឿងភេសជ្ជៈជាបង្អែម និងអ្វីដែលគេចូលចិត្តបំផុតនោះ គឺបរិភោគផ្លែវាស្រស់ៗតែម្តង៕

Related Articles

Back to top button
Close
Close