ការថែទាំផ្លូវនៅតាមជនបទ គឺត្រូវការថវិកា៦០-៩០លានដុល្លារ
Cambodia News/
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ៖ ការថែទាំផ្លូវនៅតាមជនបទ គឺត្រូវការថវិកា៦០-៩០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបការសឹករិករឹល និងរងការខូចខាតឱ្យមានបានល្អឡើងវិញ។
ថ្លែងក្នុងវេទិការពិភាក្សាលើប្រធានបទ អ្វីទៅការអភិវឌ្ឍន៍ជនបទនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់ADBបានឱ្យដឹងថា គោលនយោបាយនៃការគ្រប់គ្រងអភិវឌ្ឍន៍ផ្លូវជនបទនៅកម្ពុជារហូតដល់ឆ្នាំ២០៣០ គឺត្រូវការថវិកា៦០លានដល់៩០លានដុល្លារអាមេរិកដើម្បីអាចទប់ទល់ឆ្លើយតបចំពោះការថែទាំផ្លូវថ្នល់នេះបាន និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមានថវិកាក្នុងការជួសជុលផ្លូវថ្នល់នៅជនបទ មានត្រឹមតែជាង៣០ភាគរយតែប៉ុណ្ណោះ ដើម្បីអាចយកទៅកែលម្អរផ្លូវដែលសំខាន់ៗនៅទូទាំងប្រទេសជាមុនសិន។
លោកបន្ថែមថា ថវិកាដែលជាកម្ចីនេះ គឺមិនមានការផ្ដល់ការថែទាំនោះទេ គឺផ្ដល់ឱ្យតែការសាងសង់ថ្មីតែប៉ុណ្ណោះ ដែលយើងគ្មានលទ្ធភាពអាចជួសជុលបានទាន់ពេលវេលានៅតាមផ្លូវមួយចំនួន។
បើទោះបីជាយ៉ាងនេះក្ដី លោកក៏បានស្នើសុំបង្កើនការជួសជុលផ្លូវក្នុងមួយឆ្នាំឱ្យបាន២ ដង ក្នុងចន្លោះពី៦-៨ភាគរយដល់១៦ភាគរយហើយ។
ជាមួយគ្នានេះ លោកសង្ឃឹមថា នៅឆ្នាំ២០២៦-២០២៧ខាងមុខនេះ នឹងកើនថវិកាចំនួន៣ដងបន្ថែមទៀតផងដែរ៕