ប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីរាយការណ៍ព៏ត៌មានស្តីពីសង្រ្គាម និងសន្តិភាព

អត្ថបទទស្សនៈ/

ឆាយ សុផល

នៅសប្តាហ៍ក្រោយនេះ អ្នកសារព័ត៌មាន និងអ្នកជំនាញបរទេសជាង៥០នាក់ មក​ពី​ប្រមាណ​​៤៧​ប្រទេស នៅជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ នឹងមកជួបជុំំគ្នា​នៅ​ទី​ក្រុង​សេ​អ៊ូល​ នៃ​​សា​ធារ​ណ​រដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដើម្បី​ពិភាក្សាគ្នាពីការរាយការណ៍ព័ត៌មានពីសង្រ្គាម និងសន្តិភាព ព្រមទាំងអាជីពរបស់ពួកគេទៅអនាគត។
សន្និសីទសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលរៀបចំដោយសមាគមអ្នកសារព័ត៌មានកូរ៉េ ក្នុង​រយៈ​​​​​ពេល​៥ថ្ងៃ ពីថ្ងៃទៅ២១ ដល់ ២៦ មេសា នៅក្នុងទីក្រុងសេអ៊ូល និងទីកន្លែងមួយចំនួននៅក្នុងខេត្ត Gyeonggi នឹងអនុញ្ញាតឱ្យវាគ្មិន និងអ្នកចូលរួម ជជែក​គ្នា​ជុំវិញ​ប្រធាន​បទ «តួនាទីរបស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​នៅ​ក្នុងសេចក្តីរាយការណ៍ពីសង្រ្គាម និងសន្តិភាព» ព្រមទាំង​ការ​សម្លឹង​មើល​លើអាជីពរបស់​ពួក​គេនាពេល​​​អនាគត​ក្នុងសម័យកាលនៃបញ្ញាសប្បនិម្មិត។
សន្និ​សិទ​​នេះ​ត្រូវ​បាន​ធ្វើឡើងចំពេលដែលពិភពលោកកំពុងភ័យខ្លាចពីសង្រ្គាមដែលកំពុងផ្ទុះ​នៅ​អឺ​រុប​​ខាង​កើត​ និងនៅ​មជ្ឈឹម​បូព៌ា​ ដែលធ្វើឱ្យមនុស្ស ជាពិសេសជនស៊ីវិលដែលមិនដឹងអី បាន​ស្លាប់​និង​របួស​រាប់​សែន​នាក់ បន្ទាប់ពីជំងឺ​កូវីដ-១៩ ខណៈភាពតានតឹងនៅតំបន់​ឧប​ទ្វីប​​កូរ៉រេ និង​សមុទ្រ​ចិន​ខាង​ត្បូង ក៏កំពុង​​រំខាន​​​ផ្នែក​សេដ្ឋ​កិច្ច ​ពាណិជ្ជ និងវិស័យ​ទេស​ចរណ៍ជាដើម ដល់ពិភពលោកដែរ។

សណ្តាប់ធ្នាប់ពិភពលោកត្រូវបានបាត់បង់។ តើ​ឱ្យពិភពលោកបានសុខ និងមាន​សន្តិភាព​ដោយ​របៀប​ណា ខណៈ​ប្រទេសម​ហាអំណាច​បាននិង​កំពុង​​​​​ដណ្តើម​យក​​ប្រៀប​​លើ​គ្នា ​ដើម្បីធ្វើជាបងធំ និង​​​ចង់​បាន​​​ផលប្រយោជន៍ហួសនិស្ស័យ ដោយ​​ប្រឹង​ដណ្តើម​កាន់​កាប់​ភូមិ​សាស្រ្ត​​នយោបាយ និង​យោធា​តែ​រៀងៗ​ខ្លួន ខណៈដែលម្នាក់ៗមានអាវុធនុយក្លេ​អ៊ែរ​ដូចៗគ្នា ហើយគំរាមចង់តែបាញ់​នោះ?

សម្រាប់វិស័យព័ត៌មានវិញ ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ស្មារតី និងយកប្រៀប​លើ​​សាធាណរ​មិត បានធ្វើឱ្យភាគីជម្លោះប្រើប្រាស់ប្រព័ន្ធឃោសនាគ្រប់ទម្រង់​របស់ខ្លួន ឱ្យជួយបំប៉ោង បំភ្លៃ​ទៅ​​តាម​​ការ​ដែល​អាចធ្វើទៅបាន។
ទន្ទឹមនឹងនោះ សារព័ត៌មានពលរដ្ឋ ដែលគ្មានជំនាញច្បាស់លាស់​ក្នុងវិស័យព័ត៌មាន បានប្រើ​ប្រាស់​​​​​បណ្តាញ​សង្គម បំផុសគំនិតចងកំហឹង និងអាឃាតនឹងគ្នា បើទោះបីរឿងខ្លះប្រាស់ចាកពី ការពិត និង​អ​មនុស្ស​​​​ធម៌ក៏ដោយ។

ជាឧទារណ៍ នៅក្នុងការវាយប្រហាររបស់ប្រទេសអ៊ីរ៉ងទៅលើទឹកដី​ប្រទេស​អ៊ីស្រា​អ៊ែល បន្ទាប់ពី​អ៊ីស្រាអ៊ែលបានបាញ់​កម្ទេចស្ថាទូតអ៊ីរ៉ងនៅប្រទេសស៊ីរី ព័ត៌មានស្តីពីតួលេខនៃការខូតខាត និង​ភាពជោគ​ជ័យ​​នៅ​​តាម​បណ្តាញសង្គមពិតជារញ៉េរញ៉ៃ និងយកជាការមិនបាន។

មិនខុសពីសង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ គឺព័ត៌មានក្លែងក្លាយស្តីការបរាជ័យ និង​ភាព​ជោគ​ជ័យ​លើ​សម​​រភូមិ​​របស់​ភាគី​ទាំងសងខាងគឺខុសៗគ្នា នៅ​លើបណ្តាញសង្គម ប៉ុន្តែអ្វី​ដែល​រគួឱ្យ​សោក​ស្តាយ គឺហេដ្ឋា​រចនា​សម្ព័ន្ធរបស់ប្រទេសដែលប្រឹង​កសាងរាប់ទសវត្សរ៍មកហើយ​ត្រូវបាន​បំផ្លាញ​មួយ​ពព្រិច​​ភ្នែក ខណៈដែល​ជិវិត​ប្រជា​ជន ជាពិសេសស្រ្តីនិងកុមារបានស្លាប់ និងរង​របួស។

បន្ទាប់មក បញ្ញាសប្បនិម្មិត (Artificial Intelligence ឬ AI) កំពុងនាំឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានប្រឈមនឹងទំព័រថ្មីនៃយុគ្គសម័យឌីជីថល។ AI មានប្រយោជន៍ច្រើនក៏ដោយ ក៏វកំពុងតែបំពុលរវាងការពិពិតនិងក្លែងក្លាយដែរ ហើយកំពុងធ្វើឱ្យមនុស្សច្រឡំរវាងអ្វីជាការពិតហើយអ្វីក្លែងក្លាយ។

ពិតជាមិនអាចប្រកែកបានទេដែលថា ការផ្តួលរំលំរដ្ឋាភិបាលមួយ ក្រៅពីធ្វើរដ្ឋប្រហារយោធា គឺ​នៅ​មាន​វិធី​សាស្រ្ត​​ផ្សេង​ទៀត ដូចជា ការផ្តល់ការគាំទ្រទាំងផ្នែកនយោបាយ បច្ចេក​ទេស និងហិរញវត្ថុ ដល់​ភាគី​ប្រឆាំង ខណៈ​ដាក់​ទណ្ឌ​កម្ម​​ដល់​​​រដ្ឋា​ភិបាល ការ​​បង្កចលាចលសង្គម ហើយយក​បណ្តាញ​សង្គម​សម្រាប់​ផ្សព្វផ្សាយ និងជាពិសេស​ទៀត​​​នោះ គឺការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្តល់គម្រោង ផ្សេងៗ និងហិរញ្ញវត្ថុ ដើម្បី​បម្រើ​ផល​ប្រយោជន៍​​ដល់ក្រុមប្រឆាំងនឹងរាដ្ឋាភិបាល។

ផ្អែក​​​លើឧទាហរណ៍ខាងលើ ប្រជាជនមួយចំនួនដែលមានអនកម្មព័ត៌មាន​បានបាត់​បង់​​ទំនុក​​​​​ចិត្តលើប្រព័ន្ធផ្សពន្ធផ្សាយ និង​អ្នកសារព័ត៌មាន ហើយពួកគេនិយាយត្រង់ៗថា ប្រព័ន្ធផ្សព្វផ្សាយ បំភ្លៃ​ និងជាអាយ៉ងនយោបាយ ជាពិសេស​នៅក្នុងរឿងជម្លោះទាំងនយោបាយ និងប្រដាប់អាវុធ ហើយ​បាន​បញ្ឆេះ​កំហឹងឱ្យ​កាន់​ឆាបឆួល​​​រវា​ងប្រជាជននិងប្រជាជនដែលជាអ្នកជាតិនិយម។

ទាញ​​​ចេញ​ពីហេតុ​ផលនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌​មាន​​អាជីព​ត្រូវ​បន្ត​បង្កើន​​វិជ្ជាជីវៈ​របស់​​ខ្លួន ដើម្បីទាញជំនឿទុកចិត្តពីមហាជនមកវិញ។

ហេតុនេះ ក្នុងនាមជាប្រព័ន្ធ​ផ្សព្វផ្សាយ និង​​អ្នកសារព័ត៌​មាន​អាជីពត្រូវប្រកាន់​យក​នូវ​តថភាព​សង្គម និង​​យុត្តិធម៌ ហើយចាំបាច់ត្រូវរាយការណ៍ព័ត៌មាន ដោយគ្មានចេតនាញុះញង់ បញ្ឆេះកំហឹង និង​មិនបំភ្លែការពិត ដើម្បីយុត្តិធម៌ និង​សុខសន្តិភាព​របស់​​ពិភពលោក។

តាមរយៈអត្ថបទគ្រប់ទម្រង់របស់ខ្លួន ប្រព័ន្ធ​ផ្សព្វផ្សាយ និងអ្នកសារព័ត៌​មាន​អាជីព​ត្រូវ​ប្រឹង​ប្រែង ដើម្បី​​ជួយ​ជំរុញ​ឱ្យ​ពិភព​លោក​​មានសុខសន្តិភាព ចៀសឆ្ងាយពីសង្រ្គាមបង្ហូរឈាមគ្នា ព្រោះថា យើង​មាន​កិច្ច​ការ​ដែលត្រូវធ្វើ​រួម​គ្នា​​ច្រើន​ណាស់ ដូចជា ការ​ទប់ទល់នឹងអាកាសធាតុប្រែប្រួល ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម ការជួញ​ដូរ​គ្រឿង​ញៀន ការ​ជួញ​ដូរមនុស្ស ជាពិសេសការជួញដូរស្រ្តីនិងកុមារ ការថែរក្សាបរិស្ថាន និង​ការ​​អភិវឌ្ឍ​ប្រក​ប​ដោយ​ចិរភាព រួមទាំងការបង្ការទប់ស្កាត់ជំងឺរាត្បាតផ្សេងៗជាសកលជាដើម។

តាមរយៈអត្ថបទពិតរបស់ខ្លួន ប្រព័ន្ធ​ផ្សព្វផ្សាយ និងអ្នកសារព័ត៌​មាន​អាជីពពិត​ជាអាច​ចូល​រួម​ចំណែក​​​​ក្នុងកសាងពិភពលោកយើងឱ្យមានសុខដុមរមនាបាន ហើយត្រូវត្រៀមខ្លួនដើម្បីប្រឈមនឹងសម័យ​​កាលនៃបញ្ញាសប្បនិម្មិត៕ (អត្ថបទទស្សនៈបុគ្គល មិនបានឆ្លុះបញ្ចាំង​ពីទស្សនៈ​របស់ស្ថាប័នឡើយ)

 

 

Related Articles

Back to top button
Close
Close