អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣គឺ៖ ក្រសួងផែនការ , ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គមបានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើក្របខ័ណ្ឌគោលនយោបាយជាតិជាក់លាក់មួយដែលបានបង្កើតឡើងចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ជារបត់ថ្មីមួយក្នុងការជំរុញការគាំពារសង្គម។
លោកថ្លែងបន្តថា ប្រព័ន្ធគាំពារសង្គម មានសមាសភាពធំចំនួនពីរគឺ៖ ជំនួយសង្គម និងផ្នែកគាំពារសន្តិសុខសង្គម(ប.ស.ស)ដែលបច្ចុប្បន្នសន្តិសុខសង្គម (ប.ស.ស) កំពុងធ្វើប្រតិបត្តិការ ដោយប្រតិបត្តិករទោលឈ្មោះថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) National Social Security Fund។
លោកថ្លែងបន្តថា សន្តិសុខសង្គម(ប.ស.ស) មានលក្ខណៈសម្គាល់ចំនួន២គឺ៖ ១/ សន្តិសុខសង្គម៖ មិនមានកំណត់ក្រុមគោលដៅ បានន័យថា យើងចង់ធ្វើការពង្រីកគ្របដណ្តប់ផ្នែកសន្តិសុខសង្គម(ប.ស.ស)ឲ្យបានច្រើនជាអតិបរិមាបែបសកល(ច្រើនបំផុត ឬគ្រប់គ្នា)។ ២/ សន្តិសុខសង្គម៖ ស្ថិតក្រោមការគ្របដណ្តប់របបវិភាគទានជាប្រចាំខែចូលទៅក្នុងបេឡារួម ដើម្បីទទួលបានអត្ថប្រយោជន៍សេវារបបសន្តិសុខសង្គមចំនួន៣គឺ : ផ្នែកថែទាំសុខភាព , ផ្នែកហានិភ័យការងារ និងសោធននិវត្តន៍។
ពាក់ព័ន្ធជំនួយសង្គមលោកពន្យល់ថា ថវិកាដែលត្រូវជួយជាថវិកាជាតិទាំងស្រុង ដែលបានមកពីថវិកាប្រមូលពន្ធរបស់រដ្ឋ និងត្រូវផ្តល់ទៅដល់ក្រុមគោលដៅជាក់លាក់ នៅក្នុងកាលៈទេសៈជាក់លាក់ បានន័យថា ការកំណត់លើគោលដៅចម្បងគឺ ត្រូវឈរលើមូលដ្ឋានកម្រិតជីវភាពក្រីក្រ ឬមិនក្រីក្រ ហើយបើសិនជាគ្រួសារទាំងនោះត្រូវបានវាយតម្លៃថាក្រីក្រ រដ្ឋនឹងចេញបណ្ណជូន ដែលបណ្ណនោះមានឈ្មោះថា បណ្ណសមធម៌។
បើតាមការលើកឡើងពីមន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨០មុឺនគ្រូសារ ឬស្មើប្រមាណ ៣,៥០០,០០០នាក់ (៣លាន ៥សែននាក់) បានទទួលបណ្ណសមធម៌ ហើយរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ១,៣៣១ លានដុល្លារអាមេរិក ក្នុងការរ៉ាប់រងលើជំនួយសង្គម ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕