ក្លិបអ្នកកាសែតកម្ពុជា និងក្រុមហ៊ុន CBC បើកវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ /
ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ។
វគ្គបណ្តុះបណ្តាលខាងលើនេះរៀបចំធ្វើឡើងរយៈពេលមួយថ្ងៃ ស្ថិតនៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ជាន់ទី៩ នៃអគារវឌ្ឍនៈ ដែលមានពីសិក្ខាកាម ជាអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចសរុបចំនួន ២១នាក់ មកពី២០ស្ថាប័នផ្សេងៗគ្នា។

វាគ្មិនដែលនឹងចូលរួម និងធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC), លោក ផៃ សុផល នាយកសេវាអតិថិជន, អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍន៍អាជីវកម្ម, និងអ្នកស្រី ស៊្រី បុប្ផារ័ត្ន ប្រធានផ្នែក ស្រាវជ្រាវនិងភាពជាដៃគូ។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងកឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច បានស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ននេះក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា ការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។

ក.អ.ក ចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕ ដោយ ៖ ហូយ ហាក់ណែត