ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជ​ធានី​ភ្នំពេញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

ទឹកសំណល់កខ្វក់ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ បាន​​កើន​ឡើងយ៉ាងឆាប់រ៉ហ័សដោយសារកំណើនប្រជាជនក៏ដូចជាហេដ្ឋា​រចនា​សម្ព័ន្ធសំណង់អគារផ្សេងៗ។ ទឹកសំណល់កខ្វក់ក្នុងរាជធានី​ភ្នំពេញ​ ត្រូវ​បានហូរកាត់អាងបង្គន់តាមផ្ទះរបស់គ្រួសារនីមួយៗ និងសំណង់អគារ​អាជី​វកម្ម។ សារធាតុរាវក្នុងអាងបង្គន់ដែលអណ្ដែត​ខាងលើ ត្រូវ​បាន​បង្ហូរ​ចូលបឹងបួរតាមរយៈបណ្តាញលូ និងប្រឡាយហើយត្រូវបានបន្សុទ្ធតាមបែប​ធម្មជាតិ ប៉ុន្តែនៅក្នុងកម្រិតមួយ។

គម្រោងនេះមានគោលដៅសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់​ បំពង់​លូ និងសំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ដោយផ្អែកលើកម្មវិធីរយៈពេល​ខ្លីក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។

គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា។

សំណង់ក្នុងគម្រោងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះរួមមាន៖

១៖ សំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់​ជើងឯក ដែលមានសមត្ថភាពបូមបាន ៧ម៉ែត្រគូបក្នុងមួយនាទី។

២៖ ផ្លូវសម្រាប់ថែទាំប្រឡាយ និងសម្រាប់ជីកដាក់បំពង់លូដែកបង្ហូរ​ទឹក​កខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រវែងប្រមាណ ១,៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្រាលកៅស៊ូ AC។

៣៖ បំពង់លូដែកទំហំ ០.៣ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បី​បង្ហូរ​​ទឹកកខ្វក់ពីសំណង់ស្ទាក់ និងបូមបញ្ជូនទឹកកខ្វក់មកស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ជើងឯក។

៤៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គម្រោងទាំងនេះប្រើប្រាស់ថវិកាសរុបប្រមាណ ២,៣៧៧,៧៤៥,០០០យ៉េនជប៉ុន ស្មើនឹងជិត ១៧លានដុល្លារអាមេរិក។ ថវិកានេះ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕

 

Related Articles

Back to top button
Close
Close