សម្ដេចធិបតី​ ហ៊ុន ម៉ាណែត៖​ បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យ ជនបទនៅកម្ពុជា​ កើនដល់ប្រមាណ ៨៥%

ភ្នំពេញ​ ៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានឱ្យដឹងថា​ នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់ អនាម័យជនបទ នៅកម្ពុជា​ បានកើនដល់ប្រមាណ៨៥%។

តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ វិច្ឆិកា​​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា​ រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួល បានសេវាអនាម័យ មានការកើនឡើងយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួល ស្គាល់ជា សកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿន អត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការ បន្ទោបង់ពាសវាល ពាសកាលក្នុងចំណោមប្រទេស កំពុងអភិវឌ្ឍន៍នៅលើពិភពលោក។

សម្ដេច​ គូសបញ្ជាក់​ថា​ “នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យ ជនបទនៅព្រះរាជាណាចក្រកម្ពុជា បានកើនដល់ប្រមាណ៨៥% ។ លើសពីនេះខេត្តចំនួន ៦ក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប ។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល”។

សម្ដេច​បន្ដថា​ វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និង ការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងអំពីកម្រិតយល់ដឹងរបស់ ប្រជាជនអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យផងដែរ។

ជាមួយគ្នានេះ សម្ដេច​ នាយករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ នៅតំបន់ជនបទ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក។ សម្ដេច​ ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នា ដើម្បីជំរុញការងារ លើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕

Related Articles

Back to top button
Close
Close