ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ ស្នើ​ចិន​ថត​ភាព​យន្ត​ «No More Bete» វគ្គ២ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​ឡើង​វិញ​

សារព័ត៌មាន​ Cambodia News/

ប៉េកាំង៖ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឯរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមេនិតចិន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកជាយោបល់ស្នើឲ្យចិនផលិតភាពយន្ត ” No More Bets “វគ្គ២ ដើម្បីស្តារវិស័យទេសចរណ៍របស់កម្ពុជា ពិសេសកេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុឡើងវិញ។

លោកបានថ្លែងនៅក្នុងវេទិកានេះដោយបញ្ជាក់ថា “កម្ពុជាត្រូវបានគេមើលឃើញជាអ្នករងគ្រោះមួយដោយសារខ្សែភាពយន្ត ” No More Bets ” ដូច្នេះលោកសូមយកឪកាសនេះផ្តល់យោបល់ថា តើកម្ពុជា-ចិនអាចជួយស្តាទំនុកចិត្តនេះឡើងវិញបានដោយរបៀបណា?។

សូមជម្រាបថា ” No More Bets ” គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលរៀបរាប់ពីរឿងរ៉ាវមនុស្សត្រូវបានជួញដូរទៅក្រៅប្រទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត ហើយត្រូវបានគេមើលឃើញថា កម្ពុជា គឺជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។

ពាក់ព័ន្ធខ្សែភាពយន្ត ” No More Bets ” នេះដែរ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានផ្ញើលិខិតទៅអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសចិន ដើម្បីដកខ្សែភាពយន្តនេះពីការចាក់បញ្ចាំង ព្រោះវាបានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

លោក ពុយ គា បានថ្លែងបន្តថា ក្នុងនាមជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ខ្ញុំអាចសាកល្បងធ្វើជាស្ពានតភ្ជាប់ ដើម្បីឱ្យអ្នកផលិតខ្សែភាពយន្តរឿង ” No More Bets ” អាចមកផលិតវគ្គ២ នៅកម្ពុជា ដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត ប៉ុន្តែទោះយ៉ាងណាការថតរឿងមិនអាចធ្វើទៅបាននៅថ្ងៃស្អែក ឬថ្ងៃបន្ទាប់នោះទេ អាចរយៈពេល៣ខែ ឬ៦ខែ។

លោកប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានស្នើឪ្យភាគីចិនបើកច្រកឲ្យមានការផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន និងស្នើឱ្យមានការពង្រីកទីផ្សារនៅក្នុងប្រទេសចិនសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាឪ្យបានច្រើនជាងពេលបច្ចុប្បន្ន៕ (ដកស្រង់ពី FN , AKP)

Related Articles

Back to top button
Close
Close