ឯកឧត្តម នេត្រ ភក្ត្រា ​ប្រាប់​តំណាង​អង្គការ​យូណេស្កូ​ ពី​អាទិភាព​របស់​ក្រសួង​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​ប្រ​ឆាំង​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បាន​ជម្រាប​ជូន​ដល់​តំណាង​អង្គការយូណេស្កូនៅ​កម្ពុជា​ពីអាទិភាព​របស់​ក្រសួងព័ត៌មាន​ទាក់​ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ​ដែល​ជន​អគតិមួយ​ចំនួន​បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ផ្សព្វផ្សាយ​បំពុលសង្គម។

ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រាក្នុងអំឡុងជំនួបពិភាក្សាការងារនិងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមបានគូសបញ្ជាក់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាល​ទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាល​វិក្រឹត្យ​ការ​វិជ្ជាជីវៈ​សារ​ព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ដើម្បី​ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។

ឯកឧត្តម​បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បី​ពង្រឹង​គុណ​ភាព​អត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និង​ផ្តល់​ផល​ប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។

ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាន​នឹងរៀប​ចំបើកវគ្គបណ្តុះ​បណ្តាល​ធនធានមនុស្ស​លើ​ជំនាញ​សារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នក​សារព័ត៌​មាន​​នានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។

ក្នុង​ឱកាសនោះ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បាន​ចែក​រំលែក​ទស្សនៈ​ជា​មួយ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថា​ចូល​រួម​សហការ​ជាមួយ​ក្រសួងព័ត៌មាន​ដើម្បី​បណ្តុះ​បណ្តាលធ​ន​ធាន​មនុស្ស ក៏ដូចជាការពង្រឹងការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូល​រួម​សហការ​ការងារ​ផ្សេងៗ​ទៀត៕

 

Related Articles

Back to top button
Close
Close