វេទិកាពិភាក្សាស្តីពីអត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទ «អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
វេទិកាពិភាក្សាខាងលើនេះមានការអញ្ជើញចូលរួមពី លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម អញ្ជើញធ្វើជាវាគ្មិន សម្របសម្រួលពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីក្រុមអ្នកសារព័ត៌មានប្រមាណ៦០នាក់ មកពីស្ថាប័នផ្សេងៗគ្នា។
គោលបំណងនៃការរៀបចំវេទិកាពិភាក្សានេះឡើង ដើម្បីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីអត្ថប្រយោជន៍នៃការចូលជាសមាជិក ប.ស.ស តួអង្គណាខ្លះដែលអាចចូលជាសមាជិក តួនាទីរបស់ ប.ស.ស ក្នុងការការពារសិទ្ធសមាជិក និងការបង់វិភាគទានជាដើម ។
ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានកត់សម្គាល់ឃើញថា បច្ចុប្បន្នបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) បាននឹងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងការផ្សព្វផ្សាយ និងប្រមូល ការ គាំទ្រពីកម្មករនិយោជិត និងអង្គពាក់ពន្ធ័ ហើយក៏ទទួលបាននូវការគាំទ្រគួរឲ្យមោទកភាពផងដែរ ។ ប៉ុន្តែសម្រាប់ វិស័យសារព័ត៌មាន ក.អ.ក បានមើលឃើញថាការស្វែងយល់ការចូលរួមជាសមាជិកដើម្បីទទួលបាន អត្ថប្រយោជន៍ ពី ប.ស.ស នៅមានកម្រិតទាបនៅទ្បើយ៕