សម្តេចតេជោ អំពាវនាវដល់អ្នកថតរឿងអប់រំកុំឱ្យសម្តែងលើសហួសពីទិដ្ឋភាពសង្គមជាក់ស្ដែង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរិះគន់អ្នកថតរឿងអប់រំមួយចំនួនលើ Tik Tok ដែលសម្តែង និងប្រើពាក្យសំដីឆ្គងខ្លាំង មិនត្រូវទិដ្ឋភាពសង្គមជាក់ស្ដែង។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីម្សិលមិញសម្ដេចបានឃើញវីដេអូខ្លីរបស់អ្នកថតរឿងអប់រំមួយនៅបណ្ដាញសង្គម Tik Tok ដែលមើលទៅហាក់បីដូចបង្អាប់សង្គមខ្មែរវិញ។ ក្រៅពីនេះសម្ដេចតេជោ បានសង្កេតពីការប្រើប្រាស់ពាក្យសម្ដីក្នុងរឿងមួយចំនួនដែលថារឿងអប់រំទាំងនោះប្រើពាក្យមិនសមរម្យ លើសលស់ច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីឃ្លីបវីដេអូមួយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម TIK TOK ពាក់ព័ន្ធគូស្នេហ៍ប្រកាន់វណ្ណៈមួយគូ ដោយសម្តេចបញ្ជាក់ថា ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាមិនដូច្នោះពេកទេ ហើយសម្តេចក៏បានអំពាវនាវ កុំឱ្យមានសម្តែងលើសហូសហេតុពីភាពពិតសង្គមជាក់ស្តែងពេក៕