សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ការ​ផ្អាក​រៀប​ចំព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​​ឆ្នាំនេះ ដោយ​សារ​​រាជ​រដ្ឋាភិបាលមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និង​កិច្ចប្រជុំពាក់ព័ន្ធ។សម្តេចតេជោបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និង​ខេត្ត​មួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ។

សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និង​ថ្នាក់​ដឹកនាំអន្តរជាតិជាច្រើន មកចូលរួមដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ ជា​មួយ​គ្នានេះ សម្តេចតេជោសូមការយោគយល់ និងខន្តីអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវ និង​ការ​ស្ទះ​ចរាចរណ៍​ ក្នុង​អំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោបញ្ជាក់ថា នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលបានកំណត់យកសណ្ឋាគារសុខា ភ្នំពេញ ដែល​មាន​ប្រមាណ៧០០បន្ទប់ សម្រាប់ជាទីតាំងរៀបចំកិច្ចប្រជុំ ហើយសម្តេចរួមទាំងប្រតិភូមកម្ពុជា នឹង​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​ផ្ទាល់​តែ​ម្តង​ ដើម្បីងាយស្រួលក្នុងការដឹកនាំកិច្ចប្រជុំ៕

 

Related Articles

Back to top button
Close
Close