សម្តេចតេជោ ហ៊ុន សែន បង្ហាញទិដ្ឋភាពច្បាប់ពាក់ព័ន្ធការងារតែងតាំង ឬដកមន្ត្រី ទៅក្រុមប្រឆាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញទិដ្ឋភាពច្បាប់មួយចំនួនបង្ហាញទៅក្រុមប្រឆាំងពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋភិបាល។
ពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាលនេះ សម្តេចតេជោ ណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី។
មាត្រា២១ នៃរដ្ឋធម្មនុញ្ញ បានចែងថា តាមសេចក្ដីស្នើ របស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ តែងតាំងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯក អគ្គរាជទូត និងប្រេសិត វិសាមញ្ញ និងពេញ សមត្ថភាព។
ដោយឡែកមាត្រា២០នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលតាមព្រះរាជក្រឹត្យ។
សម្តេចតេជោ បានលើកឡើងទៀតថា ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។ សម្តេចតេជោប្រាបក្រុមប្រឆាំង ប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយនិងសូមកុំវក់ជាមួយល្បែងច្រើនពេក។ សម្តេចតេជោ បញ្ជាក់ថា សំណេរនេះជាបំណងល្អរបស់សម្តេចសម្រាប់ក្រុមល្ងង់។
សូមបញ្ជាក់ថា ការលើកបង្ហាញទិដ្ឋភាពច្បាប់នេះ បន្ទាប់ពីក្រុមប្រឆាំង បានរិះគន់សម្តេចពាក់ព័ន្ធ ការបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីកសិកម្ម។ ក្រុមប្រឆាំងលើកឡើងថា ការដកនេះត្រូវឆ្លងកាត់ការបោះឆ្នោតពីសភា៕