ឯកឧត្តម ហ៊ុន ម៉ានី ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលបង្កើត Telegram ក្លែងក្លាយរបស់ឯកឧត្តម
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ July 22, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបង្ហោះសារច្រានចោលនូវគណនី Telegram ក្លែងក្លាយមួយចំនួន ដែលត្រូវបានបុគ្គលមួយចំនួន ប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ឯកឧត្តម បង្កើតឡើង ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណី មានបុគ្គលមួយចំនួន បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំ ដើម្បីទាក់ទងជាមួយបងប្អូន ក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។
ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំសូមជូនដំណឹងដល់បុគ្គល ដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុច្ចរិតមិនស្មោះត្រង់នេះ បញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»៕