សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ

សារព័ត៌មាន​ Cambodia News/ 

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលលោកជំទាវ បានចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជួបពិភាក្សាការងារ លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។

លោកជំទាវ អាយដា ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្មនៅកម្ពុជា ទោះបីជំងឺ​កូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។

​ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃធំធេងរបស់លោកជំទាវ ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កា ចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់លោកជំទាវ ដែលបានពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី។

ជាពិសេសការរៀបចំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសទួរគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក៕

 

 

Related Articles

Back to top button
Close
Close