សម្ដេចតេជោ អញ្ជើញ ទទួល ជួប ពិភាក្សា ការងារជាមួយក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 5, 2022
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក–អាស៊ាន នៅវិមានសន្តិភាព ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក–អាស៊ាន។
ក្នុងជំនួបនោះ ឯកឧត្តម Michael Michlalk បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក–អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ឯកឧត្តម Michael Michlalk បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩នៅកម្ពុជា ដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។
ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ–១៩ John son &John son និង Pfizer ដល់កម្ពុជា សម្ដេចបានសំដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ៕