ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​ក​ ៣​នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​

ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តី ៣នាក់ មកពីដើរលេងតាមមាត់ទន្លេវិញ បានសម្រេច ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ធ្នូ តាមវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីស្រ្តីរងគ្រោះ ៣នាក់ ត្រូវជាម្តាយមីងនិងក្មួយ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងបីនាក់បាននាំគ្នាទៅដើរលេងនៅមាត់ទន្លេ រួចដើរត្រឡប់ទៅផ្ទះម្តាយមីង នៅសង្កាត់ទួលសង្កែវិញ ពេលដើរមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់បាន មកគំរាមប្រុងឆក់ទូរស័ព្ទ លុះក្រឡេកឃើញនារីឈ្មោះ គឹម ស្រីពៅ អាយុ ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរនៅម្តុំចំការដូង មានស្រុកកំណើតនៅភូមិក្រួស ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពាក់ខ្សែក ស្រាប់តែជនសង្ស័យនោះ បានទៅហៅមិត្តភក្តិ ២នាក់ទៀត ជិះម៉ូតូសេ១២៥ មកឆក់ខ្សែកនោះ យកទៅបាត់ ។

បើតាមសម្តីនារីឈ្មោះ គឹម ស្រីហៀង អាយុ២១ឆ្នាំ ត្រូវជាបងស្រីនារីរងគ្រោះ បានឲ្យដឹងទៀតថា បន្ទាប់ពីឆក់ខ្សែកបានហើយ ជនសង្ស័យទាំង ៣នាក់ បានជិះម៉ូតូចេញទៅបាត់ ។ មួយសន្ទុះ ក្រោយស្រាប់តែឃើញជនសង្ស័យម្នាក់ ដែលដើរមកគំរាមប្រុងឆក់ទូរស័ព្ទនោះ ជិះម៉ូតូឌុបត្រឡប់មកវិញសួរថា ខ្សែកអម្បាញ់មិញនេះ មែនទែន ឬកាឡៃ ពេលនោះ ធ្វើឲ្យស្រ្តីរងគ្រោះ ស្រែកថាចោរ ទើបផ្អើលទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្ទាក់ចាប់បាន និងវាយបែកក្បាល។

ក្រោយពេលកើតហេតុស្រ្តីរងគ្រោះ និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលស្រះចក ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close