សហរដ្ឋអាមេរិក មិនជឿឡើយថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន
សារព័ត៌មាន Cambodia News /
ថ្ងៃចេញផ្សាយៈ April 30, 2022 /
អាមេរិក ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី បើទោះជាទីក្រុងមូស្គូបានព្រមានជាបន្តបន្ទាប់ពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ…ហើយយើងមិនបានវាយតម្លៃឃើញពីការគំរាមកំហែង នៃការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងលើទឹកដី NATO នោះទេ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានព្រមានបណ្ដាប្រទេសលោកខាងលិចកុំឱ្យ មើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន៕