អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរពង្រឹងនូវវិធានក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុំទូក

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖​ ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ​កាល​ល្ងាចថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ​២០២១ ​ឯកឧត្ដម ឃួង ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធអាជ្ញាធរខណ្ឌទាំង១៤ពង្រឹងឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុំទូក។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាជំងឺកូវីដ-១៩មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែបន្តការយកចិត្តទុកដាក់អោយខ្លាំងក្លាដដែរ ពោល​គឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលពិសេស​​​អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន។

បន្ថែមពីនេះ ឯកឧត្តម​ ឃួង ស្រេង នៅបានជម្រុញអោយក្រុមសមត្ថកិច្ចដូចជាអាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាពការលួចបើកខារ៉ាអូខេ ក្លឹបកំសាន្តនិងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជាភោជនីយដ្ឋានទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើ ពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ៕

Related Articles

Back to top button
Close
Close