សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញមៀនប៉ៃលិន ២១តោន ចែកដល់គ្រូពេទ្យ និងអ្នកជំងឺកូវីដ
ថ្ងៃចេញផ្សាយៈ August 18, 2021
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០២១) ៖ តាមការចេញផ្សាយក្នុងហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហានេះបានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន ២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល តាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។
ផ្លែមៀន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន ២១តោន នឹងចែកចាយជូនខាងក្រោម៖
ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ ចំនួន ៦តោន។
ទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន ៥តោន។
ទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន ៥តោន ។
ទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន ៥តោន។
សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕