សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងវៀតណាមជាង៦០នាក់ក្នុងអគារខុនដូរក្បែរមន្ទីរពេទ្យរបេង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ឧសភា ២០២១) ៖ ជនជាតិចិន និងវៀតណាមជាង៦០នាក់ ដែលជុំគ្នាផឹកស៊ី និងប្រើប្រាស់ថ្នាំញៀនក្នុងអគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងបានឃាត់ខ្លួនកាលពីវេលាម៉ោង១២រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មនុស្សប្រុសស្រីជាង៦០នាក់ខាងលើគឺ ជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី ដោយល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប មិនតែប៉ុណ្ណោះរកឃើញមានជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនថែមទៀត ។
ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វើកំណត់ហេតុ បាននាំខ្លួនជនសង្ស័យខាងលើបញ្ចូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕


