រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​លើក​ទី២ អាច​មក​ចាក់​ជាធម្មតា​បាន​ចាប់​ថ្ងៃទី១៧ ​ដល់​២៨ ខែមេសានេះ

សារព័ត៌មាន Cambodia News

ភ្នំពេញ(១៥ មេសា ២០២១) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ អាចមកចាក់ជាធម្មតាបាន ទោះបីជាមានការបិទ ឬបម្រាមមិនឱ្យចេញចូលពីខណ្ឌមួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយក៏ដោយ ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅកាន់សមត្ថកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជំហ៊ានទី២ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ជាប្រធានកិតិ្តយស អនុគណ:កម្មការ ចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានសម្រេចចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដុសទី២ ពីថ្ងៃទី១៧ ដល់២៨ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះអ្នកសារព័ត៌មានដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ នៅក្រសួងព័ត៌មាន ត្រូវមកចាក់លើកទី២ នៅក្រសួងព័ត៌មាន ដោយសារមិនអាចទៅចាក់នៅកន្លែងណាផ្សេងបានទេ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ដថា ពាក់ព័ន្ធការព្រួយបារម្ភចំពោះអ្នកដែលត្រូវមកចាក់វ៉ាក់សាំងលើកទី២ ក្នុងពេលដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការងារចាក់វ៉ាក់សាំង គឺនៅតែដំណើរការធម្មតា រឹតតែសម្រុកធ្វើទៀតផង ដោយមិនមានពន្យារពេល ឬផ្អាកនោះឡើយ ទោះជាមានការបិទ ឬបម្រាមមិនឱ្យចេញ ចូលពីខណ្ឌមួយទៅខណ្ឌមួយ ឬពីស្រុកមួយទៅស្រុកមួយ ។ អ្នកដែលត្រូវចាក់លើកទីពីរ ចាំបាច់ត្រូវតែមកចាក់តាមពេលវេលាដែលបានកំណត់រួចហើយ ដោយប្រើប្រាស់កាតចាក់វ៉ាក់ សាំងបង្ហាញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ច ដើម្បីបានមកចាក់វ៉ាក់សាំងលើកទីពីរ ជាចាំបាច់។

វ៉ាក់សាំងលើកទីមួយរួចហើយនោះ ត្រូវប្រើកាតចាក់ វ៉ាក់សាំងបង្ហាញសមត្ថកិច្ច ថាខ្លួនមានតម្រូវការទៅចាក់លើកទីពីរ ជាចាំបាច់ ផងដែរ។

សូមបញ្ជាក់ថា ចំពោះអ្នកត្រូវមកចាក់វ៉ាក់សាំងលើកទី២ ជាបន្តបន្ទាប់ សូមតាមដានឈ្មោះដែលមានផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលត្រូវជម្រាបជូនចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តទៅ៕ ប្រភពពី : ក្រសួងព័ត៌មាន

Related Articles

Back to top button
Close
Close