បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រសួងការងារ ឲ្យម្ចាស់សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់សម្រាក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មីនា ២០២១) ៖ តាមសេចក្តីណែនាំ របស់ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញបានណែនាំឲ្យម្ចាស់ សហគ្រាសអនុញ្ញាត ឲ្យកម្មករឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរឆ្នាំ២០២១ ។
ក្រសួងការងារ ណែនាំដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមជម្រើសណាមួយ ដូចជាអនុញ្ញាតឲ្យកម្មករឈប់ សម្រាកដោយមានប្រាក់ឈ្នួល បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ គឺថ្ងៃ១៤ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២១។
ក្រសួងបានបន្ថែមថា ការឈប់សម្រាកនេះ អនុវត្តរួមគ្នាជាមួយការឈប់ សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយ សមស្របនាពេលខាងមុខ ដោយតម្រូវឲ្យមានការព្រមព្រៀង រវាងនិយោជកជាមួយ នឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត ។
សម្រាប់ឈប់សម្រាកនេះត្រូវមានកិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍ អក្សរនិងរក្សាទុកសម្រាប់ ការត្រួតពិនិត្យ របស់អធិការការងារ ។ ចំពោះការបំពេញការងារ នៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ឈ្នួល ត្រូវអនុវត្តតាមអត្រាប្រាក់ ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕