ក្រោយការបង្ក្រាបពីប៉ូលិសមីយ៉ាន់ម៉ា បាតុករ១៨នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (១ មីនា ២០២១) ៖ មនុស្សយ៉ាងតិច១៨ នាក់ និងជាច្រើននាក់ទៀតរងរបួស ដែលត្រូវបានគេចាត់ទុកថា ជាថ្ងៃដ៏អាក្រក់បំផុតនៃការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារ។ នេះបើយោងតាមការបញ្ជាក់ពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC។
ការស្លាប់ត្រូវបានគេរាយការណ៍នៅតាមទីក្រុងមួយចំនួនរួមមាន ទីក្រុង Yangon, Dawei និង Mandalay ខណៈដែលប៉ូលិសបានប្រើការបាញ់រះនិងឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមបាតុករ។
យ៉ាងណាមិញការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោសអំពើហិង្សានេះ ដោយនិយាយថា “ប្រជាជនមីយ៉ាន់ម៉ា មានសិទ្ធិប្រមូលផ្តុំដោយសន្តិភាព និងទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមបាតុករអហិង្សា មិនដែលសមហេតុផលទេក្រោមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ”។
ជុំវិញករណីហិង្សានេះដែរ សហរដ្ឋអាមេរិកព្រមាន ចាត់វិធានការបន្ថែមលើមីយ៉ាន់ម៉ា, ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក សលលីវែន (Jake Sullivan) បានថ្លែងនៅអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ថា រដ្ឋបាលលោក ចូ បៃដិន កំពុងតែត្រៀមចាត់វិធានការបន្ថែមទៀត ដែលនឹងត្រូវចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រឆាំងចំពោះអ្នកពាក់ព័ន្ធ ការបង្ក្រាបដោយហិង្សាទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ៕