អ្នកសារព័ត៌មានត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ដោយហេតុតែ អ្នកសារព័ត៌មាន ជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែង ដើម្បីប្រមាញ់ព័ត៌មាន ជូនសាធារណជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗបបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ជំហានដំបូងសម្រាប់កម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។
សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង បន្ថែមពីនេះ ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន ក៏អាចទំនាក់ទំនងក្រសួងសុខាភិបាលផ្ទាល់ផងដែរ៕