ក្រោយមានការរិះគន់ខ្លាំង ក្រសួងវប្បធម៌ បានកោះហៅអាជី អាម៉ី និងអ្នកសម្តែងរឿង «ទុំទាវ ២០២១»
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ កុម្ភៈ ២០២១) ៖ បើទោះត្រូវបានលុបចេញវិញយ៉ាងណា តែរឿង «ទុំទាវ ២០២១» របស់ក្រុមអ្នកលក់ឡេពង្រីកដើមទ្រូង អាជី និងអាម៉ី ត្រូវបានរីករាលដាលដូចទឹកបាក់ទំនប់ នៅតាមផេកមួយចំនួន និងនៅលើបណ្តាញសង្គម Tik Tok ដែលបង្កឲ្យមានការរិះគន់កាន់តែខ្លាំង។
វីដេអូរឿង «ទុំទាវ ២០២១» នេះផងដែរ ដែលដឹកនាំសម្តែងដោយមេក្រុមឈ្មោះ AhGi Leader ត្រូវបានមហាជនមើលឃើញថា មានឈុតឆាកកាយវិការមិនសមរម្យច្រើន ជាពិសេសបានយកតួអង្គតំណាងឲ្យព្រះសង្ឃ បែរមកសម្តែងក្នុងលក្ខណៈបែបកំប្លែងលេងសើចដ៏មិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់តម្លៃព្រះពុទ្ធសាសនា តម្លៃវប្បធម៌ជាតិ និងសីលធម៌សង្គម។
ហើយបើទោះជាកញ្ញា អាជី និងប្អូនស្រី អាម៉ី បានលុបចោលវីដេអូនោះ និងក៏ដូចចេញមុខសុំទោសជាសាធារណៈ នូវរាល់កំហុសឆ្គងរបស់ក្រុមសម្តែងខ្លួនយ៉ាងណាក៏ដោយ តែវាហាក់គ្មានប្រសិទ្ធិភាពនោះទេ ខណៈមហាជនដែលមានការខឹងសម្បារខ្លាំង និងជម្រុញឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ ទៅលើក្រុមនេះឲ្យបានដាច់ខាត ដើម្បីទុកជាការព្រមានដល់អ្នកក្រោយៗ៕