សម្តេច ហ៊ុន សែន រំពឹងថា មុនចូលឆ្នាំខ្មែរប្រជាពលរដ្ឋខ្មែរប្រមាណ៥០ម៉ឺននាក់នឹងបានចាក់វ៉ាក់សាំងកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មករា ២០២១ ) ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ៥០ម៉ឺននាក់ នឹងបានចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលឆ្នាំខ្មែរ។
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្តេចនឹងចេញមុខទៅ ទទួលដោយផ្ទាល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលនឹងដឹកមកដល់កម្ពុជាលើកដំបូងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ហើយសម្ដេច បានប្រកាសថា សម្ដេចនឹង ចាក់វ៉ាក់សាំងកូវីដ១៩ មុនគេ ដោយធ្វើសន្និសីទកាសែតចេញ ពីមន្ទីរពេទ្យកាល់ម៉ែត្រ តែម្ដងដើម្បីបង្ហាញពីជំនឿចិត្តដល់ប្រជាពលរដ្ឋ
សម្តេចបានបញ្ជាក់ជាថ្មីទៀតថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាការស្មគ្រ័ចិត្តនិងមិនយកកម្រៃនោះទេ។ ដូច្នេះសូមស្តាប់ឲ្យបានច្បាស់ ។ ដូច្នេះអ្នកចង់ចាក់គឺចាក់ ហើយអ្នកមិនចង់ ចាក់គឺស្រេចតែចិត្ត។
ទន្ទឹមនោះសម្តេចក៏បានប្រាប់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យចាប់ផ្តើមកត់ឈ្មោះអ្នកដែលស្មគ្រ័ចិត្ត ចាក់វ៉ាក់សាំងរបស់ចិនដែលនឹងត្រូវមកដល់នៅពេលខាងមុខ៕