ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសហ្វីលីពីន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០២០) ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិចិនអាយុ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងបញ្ជាក់ទៀតថា លទ្ធផលវិភាគវត្ថុសំណាករបស់បុរសជនជាតិចិនរូបនេះ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៧នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ ចំនួន០១នាក់ និងមន្ទីរពេទ្យខេត្តសៀមរាប ចំនួន០១នាក់៕