ឌុច អតីតមេគុកទួលស្លែង ទទួលមរណភាព កាលពីយប់មិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ កញ្ញា ២០២០) ៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភាក្ត្រា បានឲ្យដឹងថា ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានទទួលមរណភាព នៅវេលាម៉ោង០០:៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងអាយុ៧៧ឆ្នាំ។
ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ ជាកូនកាត់ចិន មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ។
នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត ភាក្ត្រា បានបញ្ជាក់ថា ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះ សាលាដំបូងនៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្ត នៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការ សហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។
កាំង ហ្កេចអ៊ាវ ហៅឌុច ថ្វីដ្បិតតែមិនមែនជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជាមេគុកទួលស្លែង ដែលជាប់ពាក់ព័ន្ធការធ្វើទារុណកម្ម និងសម្លាប់មនុស្សអស់ជាង ១ម៉ឺន ២ពាន់នាក់។
លោកបន្ដថា ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេច សេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕