សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (១ មិថុនា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
សូមបញ្ជាក់ដែរថា ផ្លូវទាំង ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែនេះ ចែកចេញជា ៣ប្រភេទរួមមាន ៖
១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។
២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣៖ អនុវិថីមានចំនួន១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន ៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕