បទវិភាគ៖ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីររបស់ចិន៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននាំមកនូវកាលានុវត្តភាពថ្មីសម្រាប់ពិភពលោក
Cambodia News
ក្នុងនាមជាបង្អួចដ៏សំខាន់សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំបើកម្តងបានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។ នៅថ្ងៃទី ៥ ខែមីនា រដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននូវរបាយការណ៍ការងាររដ្ឋាភិបាលប្រចាំឆ្នាំ២០២៦ ។ ក្នុងនោះ របាយការណ៍នេះបានកំណត់គោលដៅតាមការព្យាករណ៍នៃកំណើន GDP ក្នុងអំឡុងឆ្នាំចាប់ផ្តើមសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គឺពី៤,៥%ដល់៥% ជាមួយគ្នានេះដែរ ក៏បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងសម្រេចឱ្យបានកំណើនកាន់តែលឿនក្នុងការងារជាក់ស្តែង ។ “ក្រសែចក្ខុរបស់ពិភពលោកទាំងមូលផ្តោតសំខាន់លើផែនទីចង្អុលបង្ហាញមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន” “ប្រការនេះបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិនក្នុងអំឡុងពេលបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ “។ល។ មជ្ឈដ្ឋានមតិសាធារណៈពិភពលោកបានវាយតម្លៃព្រមៗគ្នា ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនសម្គាល់ឃើញថា ដោយសារឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ របស់ចិន បានជាគោលដៅកំណើន៤.៥%-៥% នេះមានន័យថា គំនិតអភិវឌ្ឍន៍របស់ប្រទេសចិនកំពុងប្រែក្លាយពី”ការតម្កល់ទុកតួលេខជាអាទិភាព”ទៅជា”ការតម្កល់ទុកគុណភាពជាអាទិភាព”ថែមមួយកម្រិតទៀត ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានក្លាយជាប្រធានបទដ៏លេចធ្លោក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានអធិប្បាយពីភារកិច្ចយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ដែលផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
“ការផ្តោតលើការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា”គឺជាភារកិច្ចអទិភាពចម្បងរបស់រដ្ឋាភិបាលចិននៅឆ្នាំនេះ ហើយការបង្ហាញដ៏សំខាន់នៃកំណើននិងការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃសេដ្ឋកិច្ច គឺការធ្វើបរិវត្តកម្មទៅរកការជំរុញតាមរយៈការប្រើប្រាស់ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងនូវវិធានការមួយចំនួន មានដូចជាដាក់ចេញនិងអនុវត្តផែនការស្តីពីការបង្កើនប្រាក់ចំណូលរបស់ប្រជាជនទីក្រុងនិងជនបទ ការជំរុញការពង្រីកនិងលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់ទំនិញ ការអនុវត្តសកម្មភាពលើកកម្ពស់គុណភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃការប្រើប្រាស់ខាងសេវាកម្ម និងបង្កើតម៉ាកយីហោ”ទិញទំនិញនៅប្រទេសចិន”ជាដើម។ វិធានការទាំងនេះនឹងត្រួសត្រាយលំហកិច្ចសហប្រតិបតិ្តការបន្ថែមទៀតសម្រាប់ឱ្យពិភពលោកចែករំលែកកាលានុវត្តភាពទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ។
ការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការតម្រង់ទិសដៅអភិវឌ្ឍន៍ ។ លោកស្រីKirsty Coventryប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានកោតសរសើរថា បច្ចេកទេសបញ្ញាសិប្បនិមិ្មតរបស់ប្រទេសចិនបានធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងមីឡានក្លាយជាការប្រកួតកីឡាអូឡាំពិកមួយលើកដែលមានភាពវៃឆ្លាតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលកន្លងមកនេះ លោក Friedrich Merz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានទៅទស្សនាក្រុមហ៊ុន Yushu Science And Technology ដែលជាសហគ្រាសផលិតមនុស្សយន្តនៅក្រុង Hangzhouដើម្បីទទួលអារម្មណ៍ពីភាពរស់រវើកក្នុងការអភិវឌ្ឍកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ។ល។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងថា ត្រូវ”ពន្លឿនការពូនជ្រំ និងពង្រឹងកម្លាំងចលករថ្មី”និង”ពន្លឿនការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការ”ដែលសម្របទៅតាមនិន្នាការទូទៅនៃការអភិវឌ្ឍបច្ចេកវិទ្យា ។
ព្រមពេលជាមួយគ្នានេះ និន្នាការនាំមុខគេរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយមានភាពកាន់តែលេចធ្លោ ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងពីវិធានការមួយចំនួន មានដូចជាចាត់ទុកឧស្សាហកម្មសេវាកម្មជាចំណុចសំខាន់សម្រាប់ពង្រីកការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិននិងពង្រីកវិសាលភាពបើកទូលាយ ពង្រីកការវិនិយោគនិងកិច្ចសហប្រតិបតិ្តការទៅវិញទៅមក ជំរុញការលំនឹងទ្រង់ទ្រាយនិងធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេស និងរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់ និងពង្រីកដំណើរវិលជុំអន្តរជាតិ ។
សូមបញ្ជាក់ថា ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បានបញ្ចប់យ៉ាងគាប់ប្រសើរ ហើយការធ្វើទំនើបកម្មតាមបែបផែនចិនបានបោះជំហានយ៉ាងមុតមាំដែលបានក្លាយជា”យុថ្កាលំនឹងស្ថិរភាព”សម្រាប់សេដ្ឋកិច្ចពិភពលោក ។ ចំណែកផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី ហើយប្រទេសចិនបានព្យាយាមបោះជំហានទៅមុខ ដែលនឹងនាំមកនូវភាពរស់រវើកយ៉ាងផុលផុស និងកាលានុវត្តភាពថ្មីដល់ពិភពលោកផងដែរ ៕

