ទីក្រុងប៉េកាំង​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​ជប៉ុន​

ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេស ជប៉ុនបន្តធ្លាក់ចុះដុនដាបនៅថ្ងៃចន្ទ ទី១៧កញ្ញានេះ។សារព័ត៌មានផ្លូវការចិនបានប្រកាសគំរាមដាក់ទណ្ឌកម្ម សេដ្ឋ កិច្ចទៅលើ ទីក្រុងតូក្យូ បើប្រសិនជាអធិករណ៍នៃតំបន់ទីប្រជុំកោះDiaoyu-Senkaku ឋិតនៅក្នុងសមុទ្រចិនខាងកើតដែលឈ្លោះដណ្តើមដោយមហាអំណាចអាស៊ី ទាំងពីរនៅតែបន្តកើតមាន។

ក្រុមហ៊ុនជប៉ុនធំៗខ្លះដែលប្រកបអាជីវកម្មនៅក្នុងប្រទេសចិនបាន ព្យួរផ្អាក សកម្មភាពរបស់ខ្លួន។ ក៏ដូចគ្នាអ៊ីចឹងដែរសម្រាប់សាលារៀនជប៉ុន ជាច្រើនដែល មាននៅទីក្រុងប៉េកាំងនិងនៅទីក្រុងសៀងហៃ បាននាំគ្នាបិទទ្វារសម្រាប់ សប្តាហ៍នេះ។ ក្តីបារម្ភខ្លាចបាតុកម្មហិង្សា ធ្វើឲ្យប៉ះពាល់ដល់សហគមន៍ ជប៉ុនដែលគ្នាប្រមាណ៥៦ ០០០នាក់។ ទាំងនេះក្រោយពីមានបាតុកម្មហិង្សា ប្រឆាំង នឹង ជប៉ុនបានកើតមាននៅតាម ទីក្រុងធំៗចិនជាច្រើននៅចុងសប្តាហ៍នេះ។

ចំណែកឯទីក្រុងតូក្យូវិញ បានព្រមានប្រជាជនជប៉ុនដែលរស់នៅប្រទេសចិនពីបាតុ កម្មហិង្សាដែលអាចកើតមាននៅថ្ងៃអង្គារស្អែក ដែលជាថ្ងៃខួបរំលឹកដល់ ការវាយលុកឈ្លានពានដោយប្រទេសជប៉ុនទៅលើតំបន់ Mandchourie នៅ ឆ្នាំ១៩៣១។គួរបញ្ជាក់ថា នៅចុងសប្តាហ៍កន្លងទៅនេះ ប្រជាជនចិនអ្នក ជាតិនិយមរាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងជប៉ុន ក្រោយពីមានការប្រ កាសដោយទីក្រុងតូក្យូថា បានទិញពីម្ចាស់ឯកជននូវកោះមួយចំនួនដែល ចិន ហៅថា កោះ Diaoyu ឬកោះ Senkaku ជាភាសាជប៉ុន។

បាតុកម្មហិង្សាបានផ្ទុះកើតមាននៅក្នុងទីក្រុងចិនធំៗចំនួនយ៉ាង តិចប្រាំ សម្ដែងប្រឆាំងនឹងស្ថានទូតឬស្ថានកុងស៊ុលជប៉ុន ឬហាងលក់ទំនិញភោជនីយ ដ្ឋាន ឬហាងលក់រថយន្តម៉ាកជប៉ុនដូចជា តូយ៉ូតា ឬ ហុងដា។

ស្ថានភាពអាចធ្លាក់ចុះដុនដាបនៅថ្ងៃចន្ទនេះ ពីព្រោះសារព័ត៌មានប្រជាជន ដែលជាសារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនិស្តចិនបានផ្សាយឲ្យដឹងថា មាន នាវាប្រមាណជា១ ០០០បានចេញដំណើរទៅទីប្រជុំកោះ ហើយប្រហែលជាអាចទៅ ដល់ទីប្រជុំកោះ Diaoyu ឬ Senkaku នៅថ្ងៃចន្ទទី១៧កញ្ញានេះ។

ក្រោយពីមានកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Leon Panetta លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានថ្លែងប្រកាសថា “សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនចងភ្ជាប់នឹងគ្នាដោយសន្ធិសញ្ញា សន្តិ សុខដូច្នេះពាក់ព័ន្ធនឹងបញ្ហា ទីប្រជុំកោះ Senkaku ក៏ដូចគ្នាអ៊ីចឹងដែរ”។

គួរកត់សម្គាល់ថា ទោះបីជាប្រទេសចិននិងប្រទេសជប៉ុនមានអធិករណ៍ប្រវត្តិ សាស្ត្រនិងអធិករណ៍ដែនដីនឹងគ្នាយ៉ាងណាក៏ដោយក៏ប្រទេសចិនបានក្លាយ ទៅជា“ដៃគូពាណិជ្ជកម្មទីមួយ”របស់ប្រទេសជប៉ុន។នៅឆ្នាំ២០១១កន្លងទៅ នេះ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង១៤,៣% ឬកើនឡើង ដល់កម្រិតឯតទគ្គកម្ម ៣៤៥ពាន់លានដុល្លារឬត្រូវជា ២៦៣ពាន់លានអឺរ៉ូ។

សារព័ត៌មានប្រជាជនដែលជាសារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនិស្តចិន បាន ព្រមានទីក្រុងតូក្យូនៅថ្ងៃចន្ទនេះទៀតថា ប្រទេសជប៉ុនអាចជួបនឹង “ទសវត្សរ៍ ខាតបង់សេដ្ឋកិច្ច”មួយដ៏ធ្ងន់ធ្ងរ ឬ “អាចបោះជំហានថយក្រោយម្ភៃឆ្នាំ ផងទៀត” បើប្រសិនជាប្រទេសចិនសម្រេចដាក់ “ទណ្ឌកម្មសេដ្ឋកិច្ច” ទៅ លើប្រទេសជប៉ុន។

រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Leon Panetta បានថ្លែងប្រាប់ ទីក្រុងតូក្យូនិងទីក្រុងប៉េកាំងថា “វាជាផលប្រយោជន៍របស់ប្រទេសជប៉ុននិងប្រទេស ចិនដែលចេះថែរក្សាឲ្យ មានទំនាក់ទំនងល្អនឹងគ្នា ហើយចៀសវាកុំបង្កឲ្យមាន ភាពតានតឹងនៅក្នុងតំបន់”។

លោក Leon Panetta បានថ្លែងបន្ថែមទៀតថា “សហរដ្ឋអាមេរិកនិងប្រទេស ជប៉ុនចងភ្ជាប់ដោយសន្ធិសញ្ញាជួយការពារ សន្តិសុខគ្នាទៅវិញទៅមក ហើយយើងគោរពសន្ធិសញ្ញានេះដែលមានជាយូរមកហើយគ្មានអ្វីប្រែប្រួលឡើយ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា “សហរដ្ឋអាមេរិកមានទាហាន ៤៧ ០០០នាក់នៅលើដែនដីជប៉ុន ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមានគោលការណ៍ នយោបាយក្រៅប្រទេសមួយពោលគឺមិនលូកដៃចូលទៅក្នុងបញ្ហាជម្លោះ ដែនដីឡើយ៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close