សម្តេចតេជោ ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅតែបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជំងឺនេះនៅលើពិភពលោក បានកើនក្បែរ៥លាននាក់ហើយ។

សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យការឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តន៍វិធានការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ ត្រូវពាក់ម៉ាសពេលចេញក្រៅផ្ទះ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្តុំគ្នាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «សុខសប្បាយទេបងប្អូនជនរួមជាតិ? យើងបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទល់ថ្ងៃនេះ នៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរឲ្យបារម្ភខ្លាំងបំផុត។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺឆ្លងរលាកផ្លូវដង្ហើម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជា និងពិភពលោក​ យើងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាពរស់នៅ ឲ្យបានល្អជាប្រចាំ​ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា»។

សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក ហើយអ្នកជំងឺកូវីដ១៩ទាំង១២២នាក់នេះ បានជាសះស្បើយជាបន្ដបន្ទាប់ មិនមានអ្នកជំងឺកូវីដ១៩ទៀតឡើយ៕

Related Articles

Back to top button
Close
Close