មុន​លាចាក​សិក្ខាបទ​ភិក្ខុ ឡុង ចន្ថា សារភាព​កំហុស​

សារព័ត៌មាន​ Cambodia News/

​តាកែវ ៖ ភិក្ខុ ឡុង ចន្ថា បានសម្រេច​លាចាក​សិក្ខាបទ​ហើយ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ​គឺ​ភិក្ខុ​អង្គ​នេះ បាន​សារភាព​នូវ​កំហុស​របស់ខ្លួន​រឿង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​ស្រី​ម្នាក់​ដែល​សារ​សម្លេង​ត្រូវ​បែកធ្លាយ​នាំ​ឲ្យ​រង​ការរិះគន់​ពី​សាធារណជន ។​

​សូមជម្រាបថា ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ។ តាមរយៈ​លិខិត​សុំ​លាចាក​សិក្ខាបទ​ភិក្ខុ ឡុង ចន្ថា បាន​មាន​សង្ឃដីកា​ថា សំឡេង​ដែល​បែកធ្លាយ តាម​សង្គម Facebook ជាមួយ​នារី​ម្នាក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ​មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ទើប​សុំ​លាចាក​សិក្ខាបទ​តែម្ដង​។​

​គួរ​ជម្រាប​ថា សម្ដេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ក៏​បានចេញ​សេចក្ដីណែនាំ​ប្រគេន​ជូន ព្រះ​មេគុណ​ខេត្តតាកែវ​ផងដែរ ដើម្បី​កោះ​និមន្ដ​ភិក្ខុ ឡុង ចន្ថា មក​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ នៅ​សាលា​គណ​ខេត្ត​ជាបន្ទាន់​។ ក្នុងករណី​ភិក្ខុ​រូបនេះ មិន​ព្រម​ចូលមកក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច អនុវត្ត​វិធានការ​រដ្ឋបាល​៕

Related Articles

Back to top button
Close
Close