កម្ពុជាសម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មីនា ២០២០) ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង
ក្នុងលិខិតរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ការសម្រេចបិទច្រកព្រំដែននេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ៕