អូស្ត្រាលីបើកការស៊ើបអង្កេតថ្នាក់ជាតិពាក់ព័ន្ធនឹងវិបត្តិភ្លើងឆេះព្រៃ
សារព័ត៌មាន Cambodia News/
អូស្ត្រាលី (២១ កុម្ភៈ ២០២០) ៖ អូស្ត្រាលីបានបង្កើតការស៊ើបអង្កេតថ្នាក់ជាតិមួយកាលពីថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធនឹងវិបត្តិភ្លើងឆេះព្រៃជាច្រើនខែរបស់ខ្លួនដែលបានជះឥទ្ធិពលដល់ប្រជាជន ៣ នាក់ក្នុងចំណោមប្រជាជនអូស្ត្រាលី៤នាក់ និងបានជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលចំពោះការឆ្លើយតបយឺតយ៉ាវរបស់ពួកគេចំពោះបញ្ហានេះ ។
នាយករដ្ឋមន្ត្រីលោក Scott Morrison បាននិយាយថា ភ្លើងឆេះព្រៃដ៏ធំដែលបានសម្លាប់មនុស្សជាង ៣០ នាក់ និងបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងតម្រូវឲ្យមានការឆ្លើយតបជាថ្មីពីប្រទេសដែលងាយរងគ្រោះដោយភ្លើងឆេះព្រៃនេះ ។
ការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិនឹងមានភារកិច្ចក្នុងការស្វែងរកមធ្យោបាយដើម្បីបង្កើនការត្រៀមខ្លួន ភាពធន់ និងការឆ្លើយតបរបស់ប្រទេសអូស្ត្រាលីចំពោះគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែត្រូវបានគេរិះគន់ថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យាពេលការដោះស្រាយបញ្ហានេះ៕