ដោយភ្លើងប្រចណ្ឌបុរសម្នាក់បាញ់សម្លាប់គូរដណ្តឹងរួចរត់គេចខ្លួនបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ បុរសម្នាក់បានបាញ់គូរដណ្តឹងរបស់ខ្លួន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ករណីនេះអាចកើតឡើងដោយសារតែភ្លើងប្រចណ្ឌ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយឃើញបុរស ដែលជាគូរដណ្តឹងរបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។
ភ្លាមៗនោះអ្នកជិតខាង បានជួយដឹកនារីរងគ្រោះយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ប៉ុន្តែខណនោះអ្នករស់នៅជិតខាងក៏មិនដឹងថា ជនរងគ្រោះរងរបួសដោយសារអ្វីនោះដែរ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេទ្យដឹកទៅដល់មន្ទីរពេទ្យទើបបានដឹងថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាសង្សារ ក៏បានរត់គេចខ្លួនបាត់តែម្តង ៕