ចាប់ពីថ្ងៃស្អែកនេះ រដ្ឋាភិបាលចាប់ផ្តើមលក់លេខ ចុះបញ្ជីពិសេសសម្រាប់រថយន្ដឯកជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៦ មករា ២០១៩) ៖ ពិធីបើកឲ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដឯកជន ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ និងទាញបានចំណូលបន្ថែមលើផ្នែកមួយនេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអន សែនសុខ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន។
លោក ហ៊ាង សុទ្ធាយុត្តិប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះថា គោលបំណងនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដនេះ គឺដើម្បីផ្តល់ជម្រើស ដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសស្លាកលេខ ដែលមានលក្ខណៈពិសេសអាចកុម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមាន ឬ តម្កល់ប្រាក់ជាមួយ នឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ព នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយស្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។