ក្រសួងធនធានទឹកប្រាប់ឱ្យប្រជាពលរដ្ឋប្រយ័ត្នអំពីអាកាសធាតុត្រជាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ ខែធ្នូ ២០១៩) ៖ នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសូងធនធានទឹកនៅថ្ងៃទី០១ខ់ែធ្នូឆ្នាំ២០១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។
ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ក្នុងព្រះរាជា ណាចក្រកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងនោះមាន ៖
១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨°C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧°C ។
២- ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។
៣- រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី ២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។
៤- ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ៕