ជនត្រូវចោទរួមគំនិតធ្វើរដ្ឋប្រហារ១០នាក់ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ អនុប្រធាន និងជាចៅក្រមសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញបានចេញដីកាបង្គាប់ឱ្យដោះលែងជនត្រូវចោទ១០រូបឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីពួកគេលង់ខ្លួនតាមការញុះញង់ចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួក រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន។
ការចេញដីកាបង្គាប់ឱ្យដោះលែងជនត្រូវចោទទាំងនេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
សូមជម្រាបថា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅខេត្តកំពត នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ៕