កាសែតចិនចុះផ្សាយថា អង់គ្លេសទទួលខុសត្រូវចំពោះការស្លាប់ជនជាតិចិន៣៩នាក់ក្នុងកុងតេនឺ
សារព័ត៌មាន Cambodia News/
អង់គ្លេស (២៥ តុលា ២០១៩) ៖ តាមការផ្សាយរបស់សារព័ត៌មានគាំទ្ររដ្ឋាភិបាលចិនGlobal Times កាលពីថ្ងៃសុក្រទី២៥តុលានេះ បានអោយដឹងថា អង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុបត្រូវទទួលខុសត្រូវខ្លះចំពោះការស្លាប់មនុស្ស៣៩នាក់នៅក្នុងកុងតេនឺនៃរថយន្តកាំមីញ៉ុងមួយនៅជិតទីក្រុងឡុងដ៍ដែលគេជឿថាជនរងគ្រោះទាំងនេះជាជនជាតិចិន ។
កាសែតបាននិយាយក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា នៅដំណាក់កាលនេះ វាទៅមិនរួចទេថាត្រូវទទួលខុសត្រូវកំរិតណាចំពោះសោកនាដកម្មនេះ តែ«គ្រោះមនុស្សធម៌ធ្ងន់ធ្ងរមួយដូច្នេះបានកើតឡើងនៅក្រោយការឃ្លាំមើលរបស់អង់គ្លេសនិងអឺរ៉ុប។វាច្បាស់ណាស់ថា អង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុបមិនបានបំពេញការទទួលខុសត្រូវរបស់គេពេញលេញដើម្បីការពារមនុស្សកុំអោយស្លាប់ដូច្នេះ»។
ចំណែកសារព័ត៌មានផ្លូវការរបស់បក្សកុំម្មុយនីស្តចិន People’s Dailyបានបន្ថែមថា ទោះជារកឃើញថាពួកគេត្រូវបានលួចនាំចូលក្នុងប្រទេសអង់គ្លេស ការស្លាប់របស់ជនរងគ្រោះមិនជាកំហុសរបស់គេទេ។«យើងសង្ឃឹមថា អង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុបនឹងអនុវត្តការសន្យាតាំងចិត្តរបស់គេស្តីពីសិទ្ធិមនុស្សនិងនិងកិច្ចខិតខំធ្វើអោយប្រជាជនចិនរួចផុតពីការរំលោភនិងការស្លាប់ភ្លាមៗ»៕