ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កក្កដា ២០១៩) ៖ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សហការជាមួយ អង្គកាសមាគមអភិរក្សសត្វព្រៃកម្ពុជា ( WCS ) រៀបចំសិក្ខាសាលាស្តីពី ” តួនាទីរបស់សារព័ត៌មាន ក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ ” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងបង្កើន ការចាប់អារម្មណ៍ របស់អ្នកសារព័ត៌មាន និងចូលរួមផ្សព្វផ្សាយ អំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា និងសំដៅជំរុញឲ្យស្ថាប័នរាជរដ្ឋាភិបាលធ្វើការ ឆ្លើយតបឲ្យបានកាន់តែប្រសើរឡើង ជុំវិញបទល្មើសជួញដូរសត្វព្រៃថែមទៀត ។
ជាមួយគ្នានោះដែរ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា ក៏បានលើកឡើងថា ប្រព័ន្ធសារព័ត៌មាន ដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហានានា នៅក្នុងសង្គម ។ លោកបន្តថា នៅពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយអំពីការជួញដូរសត្វព្រៃ នៅលើប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា នៅមានកម្រិត ហើយប្រជាពលរដ្ឋកម្ពុជាទូទៅ មានការយល់ដឹងនៅមានកម្រិត អំពីបញ្ហាដ៏ធ្ងន់ធ្ងរ នៃការគេដូរសត្វព្រៃ។
ប្រធានអង្គកាសមាគមអភិរក្សសត្វព្រៃកម្ពុជា ( WCS ) លោកកែន សេរីរដ្ឋា បានចាត់ទិកការជួញដូរសត្វព្រៃជាបទល្មើសឆ្លងដែន ក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើន ដែលអាចរកប្រាក់បានច្រើនបំផុតនៅក្នុងពិភពលោក គេគិតជាទឹកប្រាក់ស្មើប្រមាណចន្លោះពី 7 ពាន់លានទៅ 23ពាន់លានដុល្លារអាមេរិក នៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ WCS បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងចំណាត់ការរបស់តុលាការ លើការជួញដូរសត្វព្រៃ នៅទូទាំងតំបន់អាស៊ី។ ការរឹបអូសសត្វព្រៃតែម្យ៉ាង មិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសជួញដូរសត្វព្រៃ ដែលរកប្រាក់កម្រៃ បានច្រើនលើសលប់ ពីមុខជំនួញខុសច្បាប់របស់ខ្លួនឡើយ។
ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ គេចាំបាច់ត្រូវធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសជនជួញដូរសត្វព្រៃ ព្រមទាំងដាក់ពិន័យ ឲ្យបានត្រឹមត្រូវ ទៅតាមទំហំនៃទោសកំហុសរបស់ពួកជនទាំងនោះ ដើម្បីធានាថា បណ្ដាញក្រុមជួញដូរសត្វព្រៃ ត្រូវបានរំខាន និងរំលាយចោល៕