សម្ដេច ស ខេង បញ្ជាក់ថា មកដល់ពេលនេះកម្ពុជាចាប់បានលុយខុសច្បាប់ ជាង៧លានដុល្លារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ កក្កដា ២០១៩) ៖ ក្រោយបញ្ចប់ ពិធី បិទទិវាប្រជាជនពិភព លោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៅថ្ងៃ ទី ១១ ខែកក្កដា ម្សិល​មិញ​ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា “មកដល់ពេលនេះ​លុយខុសច្បាប់នាំចូល មកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិ មានចំនួន ៧.៤លានដុល្លារ ប៉ុន្តែលុយទាំងអស់នេះ គឺយើងឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ តើលុយនោះ មានប្រភពត្រឹមត្រូវ ឬមិនត្រឹមត្រូវ”។

សូមរំលឹកថា កាលពីថ្ងៃទី២៣ មេសា កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ក៏បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ៣នាក់ ដែលបាននាំលុយចំនួន ៣,៥២០,០០០ ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ដោយឡែក កាលពីថ្ងៃទី៧ កក្កដា កម្លាំងគយ និងនគរបាលអន្តោប្រវេសន៍ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ និង​កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីគយ ក៏ឃាត់ខ្លួនជនជាតិចិន៣នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយរឹបអូសបានលុយជិត ១លានដុល្លារផងដែរ៕

Related Articles

Back to top button
Close
Close