អ្នកកើតជំងឺគ្រុនឈាមមានជាង១ម៉ឺននាក់ និងស្លាប់២៥នាក់ ក្នុង​រយៈពេល​ជិត៣ខែ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ កក្កដា ២០១៩) ៖ ​យោងតាម សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងរយៈពេលជិត៣ខែ ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាម បានផ្ទុះឡើង រាយប៉ាយដុំៗ តាមខេត្ត-ក្រុងបណ្ដាលឲ្យមានអ្នកកើតជំងឺ គ្រុនឈាម ជាង១ម៉ឺននាក់ និងស្លាប់២៥នាក់ ផងដែរ។

តាម​សេចក្តីជូនព័ត៌មាន​ បានបញ្ជាក់ថា​ ​ជំងឺគ្រុនឈាម នៅប្រទេសកម្ពុជា បានចាប់ផ្ដើមកើនឡើង ពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយរាយប៉ាយដុំៗ តាមភូមិសាស្ត្រនៃ រាជធានី-ខេត្តនីមួយៗ ដែលមានចំនួនករណី សរុប១៥០០០នាក់ និងស្លាប់២៥នាក់ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ”។

ក្រសួងសុខាភិបាល អំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារ ជំងឺគ្រុនឈាម តាមរយៈការអនុវត្តន៍វិធានការ រួមមាន ៖

១-អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូប ត្រូវកំចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដូចជា ពាងអាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសំអាត ជាប្រចាំឲ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ។

២- អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធ នឹងសំបកកង់ ពិសេសសំបកកង់ឡាន និងសំបកកង់ម៉ូតូទាំងអស់ សូមធ្វើការគ្រប់គ្រង សំបកកង់ទាំងនោះ មានសុវត្ថិភាពជៀសផុត ពីការដក់ទឹក។

៣-ត្រូវសំអាតការដ្ឋាន សំណង់ កុំឲ្យមានកន្លែងទឹកជូត ជាជម្រកមូសខ្លា និងរក្សាអនាម័យល្អជានិច្ច។

៤- ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺ ទៅរកសេវាថែទាំ សុខភាពរដ្ឋ៕

 

Related Articles

Back to top button
Close
Close