ថ្ងៃនេះជាខួបលើកទី ៤២ឆ្នាំ ​ដែលសម្តេចតេជោ​​ យកជីវិតធ្វើជាដើមទុនតស៊ូរំដោះជាតិ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២០ មិថុនា ២០១៩) ៖ នៅថ្ងៃទី២០មិថុនានេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីការឈឺចាប់ ដោយយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះជាតិកាលពី៤២ ឆ្នាំមុន។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា”ថ្ងៃ ២០ មិថុនា ២០១៩ នេះ ជាខួបលើកទី ៤២ ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើ ដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)”។

សម្តេចបានបន្តថា”ទោះបីពេលនេះ ខ្លួនខ្ញុំនិងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់នៅពេលដែលខ្ញុំឈានជើង ចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ”។

សម្តេចគូសបញ្ជាក់ថា”ខ្ញុំអត់មានជម្រើសអោយល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ”។

សម្តេចលើកឡើងទៀតថាដើម្បីរំលឹកដល់ការឈឺចាប់នាពេលនោះ ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា (សំបុត្រដែលពិបាកសរសេរបំផុត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ៕

 

Related Articles

Back to top button
Close
Close